(ឥណ្ឌា)៖ ពិតជាអាណិតទៅដល់ជីវិតសត្វដំរីអាយុ 42 ឆ្នាំមួយក្បាលមែនទែនដោយសារតែឃ្លានពេកបានទៅស៊ីដំណាំរបស់បងប្អូនប្រជាពលរដ្ឋពេលត្រឡប់មកវិញក៏ជាប់នឹងរបងដាច់ខ្យល់ទាល់តែងាប់ដែលហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងតំបន់សួនសត្វឧទ្យានជាតិ Nagarhole តំបន់ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ នេះបើតាមការសារព័ត៌មាន Dailymail ដែលចេញផ្សាយកាលពីថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨។
អ្នកស្រុកបាននិយាយថា ពីដំបូងឡើយ សត្វដំរីខាងលើ បានចូលទៅស៊ីដំណាំ មិនមានបញ្ហាអ្វីឡើយ តែនៅពេលត្រឡប់ចេញពីរបងមកវិញ ខ្លួនដ៏ធំរបស់វាស្រាប់តែជាប់នៅលើរបង មិនអាចផ្លោះរបងរួច ងាប់ តែម្តង។ នៅថ្ងៃដែលវាងាប់ ដំរីមួយក្បាលនេះ មានអាយុ ៤២ ឆ្នាំ ហើយវាក៏ជាប្រភេទសត្វដំរី ដែលត្រូវបាន WWF (អង្គការក្រៅរដ្ឋាភិបាល ធ្វើការទៅលើបរិស្ថាន) ចាត់ចូលថា ជាប្រភេទសត្វដំរីជិតផុតពូជផងដែរ។

ការសាងសង់របងនៅក្នុងចំការ ដើម្បីហ៊ុមព័ន្ធមិនឲ្យដំរីចូលបំផ្លាញដំណាំ មួយនេះ ត្រូវបានរិះគន់ ដោយក្រុមអ្នកអភិរក្សនិងអ្នកបរិស្ថានដែលបានអះអាងថាការហ៊ុមព័ទ្ធនឹងនាំឱ្យសត្វដំរីងាប់។
យោងទៅតាមមន្រ្ដីព្រៃឈើចូលនិវត្តន៍ម្នាក់ ដែលមានឈ្មោះថា H.C. Kantharaju បានឲ្យដឹងថា អ្នកភូមិបានធ្វើរបងការពារសត្វដំរីមិនឲ្យចូលលុកលុយចំការ និងដំណាំនេះ នឹងអាចមានផលប៉ះពាល់ដល់សត្វដំរីផ្សេងទៀត ដែលរស់នៅទីនោះ នៅថ្ងៃក្រោយ៕
0 Comments